Thursday, January 24, 2013

ការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់សម្ព័ន្ធសហជីពកម្ពុជា




សម្ព័ន្ធសហជីពកម្ពុជា (CATU) បានដាក់លិខិតស្នើសុំឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​ការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​​ ដំឡើងប្រាក់ឈ្នួលរបស់​កម្មករកម្មកា​រិនីពី ៦១ដុល្លារ ទៅ ១៥០​ដុល្លារ​ក្នុង​មួយៗ នៅបំណាច់ឆ្នាំ២០១២នេះ តាមរយៈ​លិខិតលេខ ០៨៥ សសក ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ ។​ ដោយប្រាក់ខែគោល តែ ៦១​ដុល្លារ​ មាន​ការឃ្លាតគ្នាឆ្ងាយ​ពីតម្លៃទំនិញ​នៅ​លើទីផ្សារ​នា​ពេលបច្ចុប្បន្ន ដែលចេះតែឡើង​ថ្លៃ​ខ្ពស់ទៅៗ ធ្វើ​ឲ្យ​​ជីវភាពកម្មករកម្មការិនី​ប្រ​ឈម​​ការលំបាក​យ៉ាងធ្ងន់ធ្ងរក្នុងការចំណាយលើ​ថ្លៃ​ទឹក ថ្លៃភ្លើង ថ្លៃ​រថយន្តឈ្នួល ថ្លៃឈ្នួលផ្ទះ ថ្លៃ​ម្ហូបអាហារ និងការចំណាយផ្សេងៗជាច្រើនទៀត ដូចជា​ថ្លៃ​ពិនិត្យ​សុខភាព ព្យាបាលជំងឺ ។ល។​ ហើយក៏ជាបញ្ហាធ្វើឲ្យកម្មករកម្មការិនីថមថយកម្លាំង ដួលសន្លប់ជាញឹកញាប់ មកពី​ការ​រហូប​មិន​​បាន​គ្រប់គ្រាន់ ។
ដូច្នេះសូមឲ្យនិយោជកទាំងអស់ គិតគូយកចិត្តទុកដាក់ក្នុងការស្នើសុំដំឡើងប្រាក់ខែ​គោល​ ពី ៦១ ដុល្លារ ទៅ ១៥០ដុល្លារក្នុងមួយៗ ជូនដល់កម្មករកម្មការិនី ដែលជាកំលាំងផលិតរបស់ខ្លួន​ផ្ទាល់ ជាជាងការចំណាយឥតប្រយោជន៍ទៅលើបញ្ហាផ្សេងៗ ។
ក្រោយពីដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងការងារ មិនមាន​ដំណោះ​ស្រាយ សម្ព័ន្ធ​សហជីព​បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីសុំធ្វើបាតុកម្មទាមទារ ដោយដាក់ជាញត្តិ ជូន​ទៅ​​នាយ​ក​រដ្ឋ​មន្រ្តី និងជូនប្រធានរដ្ឋសភា ដើម្បីជួយដោះស្រាយ ។
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០​១២ បាតុកម្មបានប្រព្រឹត្តិទៅ​ ដោយមានកម្មករកម្មការិនីចូលរួម​ប្រមាណ​ជាង ៣០០នាក់ ។
បន្ទាប់មក​ក៏​មានការចេញនូវ​សេចក្តីប្រកាសព័ត៌មាន លេខ ០០៧ ​កកទវ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២ ពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម​ការ​ងារ​ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ​ដោយឲ្យបងប្អូនកម្មកររក្សានូវស្ថិរភាពការងារ រងចាំលទ្ធផលនៃ​ការ​ពិភាក្សាដោះស្រាយរវាងគ្រប់ភាគីពាក់ព័ន្ធ ។ រហូតមកដល់ពេល​នេះ នៅមិនទាន់បានទទួល​ដំណោះស្រាយណាមួយនៅឡើយ ៕

No comments:

Post a Comment