Thursday, December 13, 2012

សម្ព័ន្ធសហជីពកម្ពុជា (CATU)​ ធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ខែ​ជូនបងប្អូនកម្មករកម្មការិនី ពី ៦១ដុល្លារ ទៅ ១៥០ដុល្លារ នៅឆ្នាំ២០១៣




សម្ព័ន្ធសហជីពកម្ពុជា (CATU) បានស្នើសុំឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​​ ដំឡើងប្រាក់ឈ្នួលរបស់​កម្មករកម្មកា​រិនីពី ៦១ដុល្លារ ទៅ ១៥០ដុល្លារ​ក្នុង​មួយខែៗនៅបំណាច់ឆ្នាំ២០១២នេះ តាមរយៈ​លិខិតលេខ ០៨៥ សសក ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ ។​ ប្រាក់ខែគោលតែ ៦១​ដុល្លារ​ នៅមាន​ការឃ្លាតគ្នាឆ្ងាយ​ពីតម្លៃទំនិញនៅ​លើទីផ្សារ​នា​ពេលបច្ចុប្បន្ន​មានតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​​ជីវភាពកម្មករកម្មការិនីប្រឈមនឹងការលំបាក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការចំណាយលើ​ថ្លៃ​ទឹក ថ្លៃភ្លើង ថ្លៃ​រថយន្តឈ្នួល ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហារ និងការចំណាយ​ផ្សេងៗជាច្រើនទៀត ដូចជា​ថ្លៃ​ពិនិត្យ​សុខភាព ព្យាបាលជំងឺ ។ល។និង។ល។ ហើយក៏ជាដើម​ចមធ្វើឲ្យកម្មករកម្មការិនីដួលសន្លប់ជាញឹកញាប់ មកពីការហូបមិនបានគ្រប់គ្រាន់ ។
ដូច្នេះសូមឲ្យនិយោជកទាំងអស់ គិតគូយកចិត្តទុកដាក់ចំពោះការស្នើសុំដំឡើងប្រាក់ខែ​ ៦១​ដុល្លារ ​ទៅ​១៥០ដុល្លារក្នុងមួយខែៗ ជូនដល់កម្មករកម្មការិនីដែលជាកំលាំងផលិតរបស់ខ្លួន​ផ្ទាល់ ជាជាងការចំណាយឥតប្រយោជន៍ទៅលើបញ្ហាផ្សេងៗ ។
សម្ព័ន្ធសហជីពកម្ពុជា (CATU) មានជំនឿថា និយោជកអាចមានលទ្ធភាពគ្រប់គ្រាន់​ក្នុង​ការ​​ផ្តល់​ឲ្យកម្មករចំនួន១៥០ដុល្លារក្នុងមួយខែៗ បើពុំមានការចំណាយទៅលើបញ្ហាផ្សេងនោះ ៕

No comments:

Post a Comment